កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានដំណើរឡើងចុះៗ
ពាក្យកំណែទម្រង់ឥឡូវក្លាយជាពាក្យជាទីពេញនិយមរបស់រាជរដ្ឋាភិបាល ឬក៏ស្ថាប័នរដ្ឋចង់អនុវត្តអ្វីមួយដែលថ្មី មកទល់ពេលនេះ អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ សម្រាប់កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ (D&D) និយាយភាសាសាមញ្ញទៅគឺជាដំណើរការផ្ទេរមុខងារ ទាំងធនធាន និងថវិកាទៅថ្នាក់ក្រោមជាតិតាមបែបលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យមានតម្លាភាព គណនេយ្យភាព ជាដើម ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ តើដំណើរការរបស់ D&D ដល់ណាហើយ បើមើលទៅហាក់បីដូចជាមិនឃើញអ្វីដុំកំភួនទេ សកម្មភាពខ្លះក៏ឃើញទៅពេលខ្លះក៏មិនឃើញសកម្មភាពដែរ?
ដោយសារអគារលេខាធិការ គ.ជ.អ.ប (NCDD-S) មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ ធ្វើឲ្យមន្ត្រីរាជការ និងមតិមួយចំនួនយល់ច្រឡំថា ជារបស់ក្រសួងមហាផ្ទៃ តាមពិតទៅ គ.ជ.អ.ប ជាស្ថាប័នរបស់រាជរដ្ឋាភិបាលដែលជាកន្លែងសម្របសម្រួលក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ (D&D)។ ប្រហែលមកពីការភាន់ច្រឡំបែបនេះហើយ ដែលអាចជាឧបសគ្គមួយប៉ះពាល់ដល់ការអនុវត្ត (D&D) នេះ ក្នុងនោះមានអនុកម្មវិធីតែមួយទេ ក្នុងចំណោមអនុកម្មវិធីទាំង ៦ របស់ គ.ជ.អ.ប ដែលពាក់ព័ន្ធទៅនឹងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងតាមរយៈការអភិវឌ្ឍសមត្ថភាព។
ក្រៅពីនោះ ការផ្ទេរមុខងារ ទាំងធនធានថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមចំណុះរបស់សាមីក្រសួងនីមួយៗ ដែលជាអ្នកអនុវត្ត (D&D) នេះ គ្រាន់តែអាជ្ញាធរដែនដីមានតួនាទីជាអ្នកគ្រប់គ្រង និងសម្របសម្រួលផ្នែករដ្ឋបាលដើម្បីឲ្យដំណើរការអនុវត្តផែនការសកម្មភាពតាមបែបលទ្ធិប្រជាធិបតេយ្យតាមរយៈវិមជ្ឈការ និងវិសហមជ្ឈការកាន់តែប្រសើរឡើង។
ឧទាហរណ៍ ប្រធានក្រុមប្រឹក្សាឃុំ ក៏ជាប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពណាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ឃុំនោះដែរ តែមេឃុំនោះ មិនមែនជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសពេទ្យនោះទេគឺគាត់មានតួនាទីមើលការខុសត្រូវនៅដែនសមត្ថិកច្ចរបស់គាត់ ហើយគាត់អាចជួយក្នុងកិច្ចសហប្រតិបត្តិការមណ្ឌលសុខភាព ជួយផ្សព្វផ្សាយអំពីជំងឺឆ្លងការណែនាំប្រជាពលរដ្ឋឲ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬក៏ស្វែងរកដោះស្រាយបញ្ហាវិវាទរវាងអ្នកផ្តល់សេវាសុខាភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវា ជាដើម ធ្វើយ៉ាងណាដើម្បីឲ្យឃុំទាំងមូលមានការអភិវឌ្ឍ។
នេះគ្រាន់តែជាសកម្មភាពមួយរបស់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) តែបើក្រឡេកមើលទៅស្ថាប័នជាច្រើននៅមិនទាន់មានសកម្មភាពនេះនៅឡើយទេ គឺសាមីក្រសួងនៅថ្នាក់ជាតិ មិនទាន់បានផ្ទេរមុខងារ និងធនធានថវិកាមកថ្នាក់ក្រោមជាតិនៅឡើយ គឺមើលទៅតាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក រហូតដល់ឃុំ ឃើញការិយាល័យខ្លះនៅបិទទ្វារចាក់សោចោល នៅលើតុសុទ្ធតែធូលី និងពីងពាងព័ទ្ធ ពោលគឺមិនដំណើរការអ្វីៗស្ថិតនៅថ្នាក់ជាតិទាំងអស់ជាអ្នកអនុវត្ត និងសម្រេចគឺនៅមានអំណាចប្រមូលផ្តុំនៅថ្នាក់កណ្តាលទាំងអស់។
ឧទាហរណ៍ គ្រាន់តែធ្វើលិខិតថ្កោលទោសមួយ បើអ្នកនៅតាមជនបទតាមខេត្តគឺត្រូវធ្វើដំណើរដេកហូប មករាជធានីភ្នំពេញនៅក្រសួងយុត្តិធម៌ហើយបើប្តឹងប្តល់គ្នាដល់សាលាឧទ្ធរណ៍និងតុលាការកំពូលក៏នាំគ្នាមករាជធានីភ្នំពេញដែរ ដូចគ្នានេះដែរបើចង់ធ្វើប៉ាស្ព័រ ក៏ត្រូវមកដេកចាំនៅរាជធានីភ្នំពេញដែរ ឯណាទៅការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការនៅស្រុកខ្មែរឲ្យមានប្រសិទ្ធភាពនោះ?
ម្យ៉ាងវិញទៀត ឥឡូវនេះកំណែទម្រង់ថ្មីមួយទៀតហើយ របស់ក្រសួងអប់រំ គឺការប្រឡងបាក់ឌុបឆ្នាំនេះ នៅថ្ងៃ ទី៤ ខែសីហា គឺលែងប្រឡងដូចមុននៅតាមស្រុកទៀតហើយគឺកូនសិស្សត្រូវតែមកប្រឡងនៅទីក្រុងរបស់ខេត្តនីមួយៗទៅវិញគឺយកម៉ូតសម័យសង្គមរាស្រ្តនិយម និងសម័យ លន់ នល់ ដែលផ្ទុយទៅនឹងការអនុវត្ត (D&D) ហើយក្រសួងអប់រំក៏អំពាវនាវដល់មន្ត្រីតាមខេត្តនានា ឲ្យសហការជាមួយអាជ្ញាធរខេត្តដើម្បីសម្រួលឲ្យកូនសិស្សដែលមកពីថ្នាក់ស្រុកបានទទួលការស្នាក់នៅក្បែរៗមណ្ឌលប្រឡង ដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្ស។ កំណែទម្រង់នេះ គឺចង់បានភាពងាយស្រួល ក្នុងការគ្រប់គ្រង និងការលុបបំបាត់អំពើពុករលួយ នៅពេលប្រឡង តែផ្ទុយទៅវិញ ការធ្វើបែបនេះហាក់បីដូចជាធ្វើឲ្យយុវសិស្សមិនមានភាពសុខស្រួលមុននឹងទៅប្រឡង នៅពេលធ្វើដំណើរមកទីក្រុងនៃខេត្តគឺធ្វើឲ្យពួកគេមានការភ្លេចភ្លាំងមួយចំនួន គឺប្រៀបដូចអ្នកធ្វើដំណើរត្រូវចាំនូវអីវ៉ាន់ដែលមកតាមខ្លួនផង។
ជាងនេះ ទៅទៀតនោះគឺការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើកើតឡើងចំពោះពួកគេដល់អាយុជីវិតថា តើក្រសួងអប់រំគិតគូរយ៉ាងដូចម្តេច? ទោះជាយ៉ាងណាក្តី តាមរយៈការធ្វើការវាយតម្លៃពាក់កណ្តាលកម្មវិធីអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០០៩-២០១៣ រកឃើញថា ការធ្វើកំណែទម្រង់ និងការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏បានចូលរួមកាត់បន្ថយភាពក្រីក្រ និងមូលនិធិឃុំ-សង្កាត់ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋដែរតាមរយៈការសាងសង់ផ្លូវតាមជនបទ (MOP,2011)។ ហេតុដូចនេះ ធ្វើឲ្យក្រុមប្រឹក្សាឃុំតែងតែគិតថា នៅពេលដែលពួកគាត់ ទទួលបានមូលនិធិឃុំ-សង្កាត់ភ្លាម គឺពួកគាត់គិតពីរឿងផ្លូវថ្នល់ភ្លាម ដោយយល់ឃើញថា ជាអាទិភាពផងហើយនៅពីក្រោយឈុតឆាកនោះគឺទាញផលប្រយោជន៍នយោបាយបានផងដែរ គឺជារបស់ដែលប្រជាពលរដ្ឋងាយស្រួលនឹងមើលឃើញដើម្បីទាក់ទាញសន្លឹកឆ្នោត។ តែបើសួរទៅក្រុមប្រឹក្សាឃុំ-សង្កាត់ថាតើចង់អភិវឌ្ឍន៍ឃុំ-សង្កាត់តាមរយៈការគាំពារសុខុមាលភាពសង្គមវិញគឺដូចជាមិនសូវចង់ទេ បើទោះបីជាមូលនិធិឃុំ-សង្កាត់មានខ្ទង់ចំណាយក៏ដោយ។
ហេតុអ្វីបានជាក្រុមប្រឹក្សាឃុំ-សង្កាត់ មិនលើកទឹកចិត្តប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ និងប្រើប្រាស់ផ្លូវក្នុងសហគមន៍រាល់ថ្ងៃឲ្យធ្វើជាម្ចាស់នាំគ្នាជួយលើកដីដាក់ផ្លូវម្នាក់ ៤ ទៅ ១០ បង្គីម្នាក់ទៅហើយប្រាប់គាត់ថា ផ្លូវទាំងនោះជារបស់ពួកគាត់ទៅ ហើយយកថវិកានោះទៅជួយទៅលើកកម្ពស់សុខភាពស្ត្រី និងកុមារជាជាងយកយកទៅចាយតែកន្លែងដដែលៗនោះ?
ជាសរុបមកវិញរាជរដ្ឋាភិបាលគួរតែធ្វើការសិក្សាអំពីការអនុវត្ត D&D ឲ្យបានជាក់លាក់ពីការចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយជំរុញស្ថាប័ននានាឲ្យយល់ឲ្យកាន់តែស៊ីជម្រៅចំពោះការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ (D&D) នេះប្រកបដោយចីរភាព៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
0 comments :
Post a Comment