ដកស្រង់ពី Cambodia Daily
ប្រយោជន៍សេដ្ឋកិច្ចពីដីសម្បទាននិងផលប៉ះពាល់
ភ្នំពេញៈ រហូតមកទល់ពេលនេះដីសម្បទានសេដ្ឋកិច្ចជិត ១,២ លានហិកតា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនចំនួន ១១៧ ដោយរដ្ឋាភិបាលដើម្បីវិនិយោគលើវិស័យកសិ-ឧស្សាហកម្មដែលក្នុងនោះបានបង្កជាជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាច្រើនករណី។ ផលសេដ្ឋកិច្ចនិងការរំលោភសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកើតមានពីដីសម្បទានសេដ្ឋកិច្ចបន្តជាប្រធានបទក្តៅមួយនៅកម្ពុជា។ កាលពីសប្តាហ៍មុនអ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ បានជួបជាមួយ លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យអំពីបញ្ហានេះ។
តើការផ្តល់ដីសម្បទានមានគោលដៅយ៉ាងណា?
ប្រវត្តិដីសម្បទានមានយូរណាស់មកហើយ ចាប់តាំងពីសម័យអាណានិគមបារាំងម៉្លេះ ហើយដីសម្បទានចាប់ផ្តើមឡើងវិញក្នុង ឆ្នាំ១៩៩២ ដែលកាលនោះដីផ្តល់ឲ្យវិស័យឯកជននោះនៅតូចៗ ហើយក៏អត់មានច្រើនដែរ។ ក្នុង ឆ្នាំ២០០០ យើងចាប់ផ្តើមឃើញមានច្រើនដែលមានទំហំធំៗ មានដល់រាប់ពាន់ ឬ ម៉ឺនហិកតា។ កន្លែងខ្លះ ក៏លើសពីម៉ឺនហិកតាហើយដែរ។ គោលបំណងសំខាន់ មែនទែនគឺរដ្ឋាភិបាលចង់ឲ្យមានការបង្កើតការងារនៅទីជនបទពីព្រោះ ប្រជាជនភាគច្រើននៅជនបទ ហើយពួកគាត់ពឹងផ្អែកលើរបរកសិកម្ម និងការរកអនុផលព្រៃឈើជាដើម។
ហេតុអ្វីបានជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាជម្រើសសម្រាប់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច?
វាមិនមែនមានន័យថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចធ្វើឡើងដើម្បីជំរុញសេដ្ឋកិច្ចឲ្យបានលឿនឲ្យបានច្រើននោះទេ។ ការជ្រើសរើសការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ទីមួយស្តារដីព្រៃរេចរឹលសម្រាប់វិស័យកសិកម្ម ទីពីរបង្កើតការងារនៅជនបទ ហើយប្រើប្រាស់ដីនោះឲ្យមានផលសេដ្ឋកិច្ច ជាការចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ ពីព្រោះកាលណាការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះធ្វើ និងអនុវត្តបានល្អ វាបង្កើតចំណូលសេដ្ឋកិច្ច។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ប្រទេសយើងមិនមានអ្វីដែលថា ខ្លាំងក្លា ដែលអាចទាក់ទាញវិនិយោគិនមកទេ មានតែដីធ្លីនេះឯងដែលទាក់ទាញឲ្យគេមកវិនិយោគក្រៅប្រទេសដោយផ្ទាល់។ ពិភពលោកត្រូវការដីដើម្បីផលិត ដូចជា ការផលិតស្បៀង ជីវឧស្ម័ន ជាដើម ដើម្បីទ្រទ្រង់ការប្រើប្រាស់របស់ពិភពលោក។ នៅប្រទេសដែលបានអភិវឌ្ឍហើយ ដីរបស់គេមិនបានពង្រីកទៀតទេ ហើយវាបានផ្លាស់ប្តូរសម្រាប់ឧស្សាហកម្មរួចហើយ។ អ៊ីចឹងការមានដីទំនេរ វាជាឱកាសសម្រាប់គេត្រូវវិនិយោគអភិវឌ្ឍ។
តាំងពី កម្ពុជា ផ្តល់ដីសម្បទានសេដ្ឋកិច្ចមកទល់ពេលនេះ តើវាបានតបស្នងមកសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិតណាហើយ?
មកទល់ពេលនេះវាបានចូលរួមចំណែកខ្លះហើយ ប៉ុន្តែគ្រាន់តែថា យើងគ្មានតួលេខជាក់លាក់អំពីផលបានពីដីសម្បទានសេដ្ឋកិច្ចនោះប៉ុន្មានភាគរយនោះ យើងមិនមានតួលេខនោះទេ។ ដីសម្បទានដែលវិនិយោគដាំកៅស៊ូក៏បានចាប់ផ្តើមចៀរជ័រនិងកែច្នៃជាក្រែបរួចហើយ និងបាននាំចេញរួចហើយ។ ដីសម្បទានមួយចំនួនដែលដាំដំណាំប្រចាំឆ្នាំដូចជា ពោត សណ្តែក ដំឡូង នោះគឺបានហើយ។ តែតួលេខថា បានចូលរួមប៉ុន្មាននៅមិនទាន់មាននៅឡើយទេ ដោយសារប្រព័ន្ធស្ថិតិយើងនៅទន់ខ្សោយ។
រដ្ឋាភិបាលប្រមូលពន្ធប្រហែល ១៥ ដុល្លារក្នុងដីមួយហិកតាក្នុងមួយឆ្នាំពីដីសម្បទាន។ រដ្ឋាភិបាលទទួលបានពន្ធរួចយកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។ វាក៏ជួយរក្សាស្ថិរភាពការប្រើប្រាស់ដី និងកាត់បន្ថយភាពក្រីក្រកាលណាប្រជាជនយើងមានការងារធ្វើ និងទទួលបានប្រាក់កម្រៃនិងលក្ខខណ្ឌការងារល្អ។ យើងមិនមានតួលេខច្បាស់លាស់ពីចំណូលពន្ធសរុបដែលរដ្ឋាភិបាលប្រមូលបានក្នុងមួយឆ្នាំៗនោះទេ។
មានការរំលោភបំពានសិទ្ធិដីធ្លីពាក់ព័ន្ធនឹងការផ្តល់ដីសម្បទាននេះ តើលោកយល់យ៉ាងណាដែរ?
បើនិយាយពីគោលនយោបាយជាតិអំពីការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម រឿងដីសម្បទានសេដ្ឋកិច្ចជារឿងចម្រូងចម្រាស ហើយយើងមិនបានបើកចំហឲ្យតួអង្គចូលរួមដើម្បីដោះស្រាយ។ បើយើងបើកចំហ យើងធ្វើការរួមគ្នា ខ្ញុំជឿថា បញ្ហាទាំងនេះនឹងអាចដោះស្រាយបានទាំងអស់ ប៉ុន្តែបញ្ហាគឺមិនធ្វើការរួមគ្នា យើងចែកតុគ្នាអង្គុយ ហើយបែរខ្នងដាក់គ្នា ហើយអ្នករងគ្រោះនៅតែជាប្រជាពលរដ្ឋ។ មានប្រជាពលរដ្ឋមួយចំនួនគឺជាអ្នករងគ្រោះមែន តែមានមួយចំនួនទៀតជាអ្នកឆ្លៀតឱកាស។ នេះមកពីប្រព័ន្ធរដ្ឋបាលរបស់យើងនៅខ្សោយ។
វិនិយោគិនល្អគាត់ច្បាស់ជាធ្វើការសិក្សាឲ្យច្បាស់លាស់ហើយ។ គាត់មិនចង់ចំណាយពេលឈឺក្បាលជាមួយបញ្ហាទាំងអស់នេះទេ។ ក្រុមហ៊ុនគេមកវិនិយោគពិតប្រាកដគេគិតណាស់ពីកេរ្តិ៍ឈ្មោះផលិតផលរបស់គេ។ យើងបានឮពីស្ករឈាម ជាដើម។ បើគាត់ធ្វើហើយមិនមានទីផ្សារគាត់មិនមករកស៊ីទេ។ បញ្ហានេះបានបង្អាក់ទឹកចិត្តអ្នកវិនិយោគដែលល្អ ព្រោះវាបានបង្កើតរូបភាពមិនល្អពាក់ព័ន្ធនឹងការទទួលបានដីសម្បទាននេះ។
តើនរណាទទួលបានផលប្រយោជន៍ច្រើនពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ?
អ្នកវិនិយោគជាអ្នកដែលទទួលប្រយោជន៍ច្រើនពីដីសម្បទាននេះ។ ប្រជាពលរដ្ឋទទួលបានផលពីដីសម្បទាននេះ នៅមានកម្រិតដោយសារក្រុមហ៊ុនវិនិយោគដាំដំណាំដូចជា ពោត សណ្តែក ដំឡូងជាដើម គេត្រូវការកម្លាំងពលកម្មតែពេលប្រមូលផលឬ ពេលដាំដុះប៉ុណ្ណោះ ក្រៅពីនេះ គេអាចប្រើម៉ាស៊ីនគ្រឿងចក្រ ខណៈការផ្តល់ប្រាក់កម្រៃ មានកម្រិតទាបនៅឡើយដែលជំរុញឲ្យមានចំណាកស្រុក។
ដូច្នេះតើយើងអាចនិយាយបានថា ការផ្តល់ដីសម្បទានឲ្យកសិករនឹងផ្តល់ប្រយោជន៍ជាង ឬ យ៉ាងណា?
យើងមិនអាចប្រៀបធៀបគំរូណាល្អជាងមួយណានោះទេ។ ក្នុងវិស័យកសិកម្ម វាអាស្រ័យលើប្រភេទមុខដំណាំ។
អ្នកវិនិយោគបរទេសគេចូលមក គាត់មានដើមទុនអភិវឌ្ឍដីនោះ ទីពីរគាត់នាំចូលបច្ចេកទេសមកថ្មី ដើម្បីធ្វើឲ្យដីមានប្រយោជន៍មានផលសេដ្ឋកិច្ច ហើយសំខាន់គាត់មានទីផ្សារស្រាប់។ តែបញ្ហាគឺអ្នកវិនិយោគមួយចំនួនច្រើនតែរំលងច្បាប់ និងមិនមែនជាអ្នកដែលមានបំណងវិនិយោគច្បាស់លាស់។
បើក្រុមហ៊ុនដែលទទួលបានដីសម្បទាននិងឈូសឆាយរួចហើយតែមិនដាំដុះ តើវាបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងណា?
នេះពាក់ព័ន្ធនឹងការគ្រប់គ្រងដីសម្បទាន ដូចជា ការពិនិត្យមើលលទ្ធភាពរបស់វិនិយោគិន។ មុននឹងឲ្យដីសម្បទានយើងត្រូវពិនិត្យមើលថា គាត់មានទុនឬអត់? ច្បាប់បានកំណត់ហើយថា ដីសម្បទានមិនមានធ្វើការដាំដុះនឹងត្រូវដកហូតមកវិញ។ វាមិនមានការខាតបង់ទេ បើដីនោះជាដីព្រៃរេចរឹល បើយើងទុកដីព្រៃមិនឲ្យមានការឈូសឆាយព្រៃដែលរេចរឹលអាចដុះដើមឈើមកវិញ យ៉ាងហោចណាស់វាក្លាយជាជម្រកសត្វព្រៃ៕
0 comments :
Post a Comment