December 6, 2013

Friday, 06 December 2013 13:27 ដោយៈ ដើមអម្ពិល (DAP)-ID: 011 E-mail Print PDF

វិចារណកថា ៖ បញ្ហាបីយ៉ាង ធ្វើឲ្យប៉ះពាល់ ដល់ការស់នៅ របស់ប្រជាពលរដ្ឋ

ក្រុមអ្នកតាមដាន បញ្ហាសង្គមក្នុង ប្រទេសកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានបញ្ហាបីយ៉ាង ដែល ធ្វើឲ្យ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ទាំងនៅ ក្នុង រាជធានីភ្នំពេញ ទីប្រជុំខេត្តនានា ក៏ដូចជា នៅតាមតំបន់ជនបទ ។ ក្នុងនោះបញ្ហាទី១ គឺរឿងទំនិញឡើងថ្លៃ យ៉ាងគំហុក ជាពិសេស គ្រឿង ឧបភោគ បរិភោគ ក៏ដូចជា របស់ប្រើប្រាស់ផ្សេងៗ ដែលប្រជាពលរដ្ឋ ត្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ បើតាម ក្រុមអាជីវករ លក់ដូរតាមទីផ្សារនានា ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុនា្មនសប្ដាហ៍ ចុងក្រោយនេះ គ្រឿង ឧបភោគ បរិភោគ នាំចូលពីប្រទេសថៃ បានឡើងថ្លៃប្រមាណ ២០ភាគរយ ចំណែកទំនិញ នាំចូលពី ប្រទេសវៀតណាម បានឡើងថ្លៃប្រមាណ ១៥ភាគរយ។ នៅពេលដែល ទំនិញបានឡើងថ្លៃយ៉ាងគំហុក បែបនេះ គឺទាំងអ្នកទិញ និងអ្នក លក់កំពុងទទួលរងនូវ ផល ប៉ះពាល់ដូចគ្នា ពីព្រោះអ្នកទិញគ្មាន លុយ ឡើងទីផ្សារ រីឯអ្នកលក់ត្រូវបាត់បង់អតិថិជន។ សព្វថ្ងៃ នេះប្រាក់ខែ របស់មន្តី្ររាជការ គ្រូបង្រៀន ទាហាន នគរបាល និង កម្មករ កម្មការិនី មានកម្រិតទាប ក្នុងខណៈដែល ប្រេងសាំង និង ទំនិញលើទីផ្សារ មានតម្លៃខ្ពស់ ហើយចេះតែឡើងថ្លៃឥតឈប់ឈរ។

សម្រាប់កម្មករ កម្មការិនី ប្រាក់ចំណូលរបស់ពួកគេ ជាមធ្យម គឺប្រមាណ ៧៥ដុល្លារអាមេរិក ហើយមន្ត្រី រាជការ មួយចំនួន មានប្រាក់បៀវត្សរ៍ ទាបជាងប្រាក់ខែរបស់ កម្មករ កម្មការិនីទៅទៀត។ ដោយឡែក ប្រជាពលរដ្ឋសាមញ្ញ អ្នកខ្លះរកប្រាក់ចំណូលមិនបាន៥ពាន់រៀលផងក្នុងមួយថ្ងៃ ដូច្នេះ នៅពេលទំនិញ ឡើងថ្លៃធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ពួកគាត់ ដែលមានប្រាក់ចំណូលទាប។ ហេតុ នេះហើយទើបមន្ត្រីរាជការ គ្រូបង្រៀន ទាហាន នគរបាល តូចតាចដែលមានប្រាក់ ចំណូលទាប បាន អំពាវនាវដល់រាជរដ្ឋាភិបាល ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យចាត់វិធាន ការបញ្ចុះតម្លៃ ទំនិញ លើទីផ្សារជាបន្ទាន់ ជាពិសេសគ្រឿង ឧបភោគបរិភោគសព្វបែបយ៉ាង ។

បញ្ហាសំខាន់ ទីពីរ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ យ៉ាងពេញបន្ទុកដែរ នោះគឺ អំពើពុករលួយរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រោះចំណាត់ ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការ លុបបំបាត់អំពើពុក រលួយនៅថ្នាក់ឃុំ-សង្កាត់ ហាក់ដូចជាពុំមានប្រសិទ្ធភាព នៅឡើយទេ។ ប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ មួយចំនួនបានត្អូញត្អែរថា ពេលដែលពួកគាត់ត្រូវ ការឯកសាផ្សេងៗ ដូចជាធ្វើ សំបុត្រកំណើតឲ្យកូនចៅ ឫធ្វើសៀវភៅ គ្រួសារជាដើម ត្រូវបានមន្ត្រីអាជ្ញាធរ ឃុំ-សង្កាត់ តម្រូវឲ្យបង់ លុយក្រៅផ្លូវការ ជាច្រើនផ្ទុយពីច្បាប់ ដែលបានកំណត់ ។ ប្រជាពលរដ្ឋខ្លះ បានត្អូញត្អែរថាគ្រាន់តែ ពួកគាត់សុំច្បាប់ រៀបចំបុណ្យ សពសាច់ញាតិ ឬរៀបចំកម្មវិធី អ្វីបន្តិចបន្តួច សុទ្ធតែត្រូវបង់លុយ ឲ្យមន្ត្រី អាជ្ញាធរនិងសមត្ថកិច្ច។ កាលដែមន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចតម្រូវឲ្យបង់ លុយពី១ម៉ឺនរៀលទៅ៤ម៉ឺនរៀល បើចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពធូរធា គឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ទីទ័លក្រ គឺធ្វើឲ្យពួកគាត់ប្រឈមនឹង ការលំបាកធ្ងន់ធ្ងរបំផុត។

បញ្ហាប្រឈមដែលធ្វើឲ្យ ប៉ះពាល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែរនោះគឺបញ្ហាសុខភាព សង្គម ព្រោះក្រុមចោរប្លន់ ប្រដាប់អាវុធ ក្រុមចោរឆក់តាមផ្លូវ ក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយក ទ្រព្យ សម្បត្តិធ្វើសកម្មភាព រៀងរាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ករណីចោរប្លន់ ប្រដាប់អាវុធ ចោរឆក់ទ្រព្យ សម្បត្តិ ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ ចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ និងបទ ល្មើសផ្សេងៗ ត្រូវបានសាព័ត៌មាននានាធ្វើការចុះផ្សាយ ជារៀងរាល់ថ្ងៃ។ ចំណែកនៅ តំបន់ជន បទវិញ គ្រាន់តែប្រជាពលរដ្ឋ លក់ស្រូវបានលុយបន្តិចបន្តួច ក៏ត្រូវចោរប្លន់បាញ់សម្លាប់ប្លន់ យកលុយយ៉ាង ព្រៃផ្សៃ ដែរ។ ប្រការនេះហើយ ដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្ដាខេត្ត-ក្រុងនានា បាន អំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិ ភាព។

នៅមានបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ដូចជាបទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងក្រុមក្មេងទំនើង វាយកាប់ចាក់បាញ់ប្រហារគ្នា ធ្វើឲ្យប៉ះ ពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត បទល្មើស ចាប់រំលោភ សេពសន្ថវៈលើក្មេងស្រី មិនទាន់គ្រប់អាយុ អំពើរំលោភរួចសម្លាប់ និងអំពើឃាតកម្មផ្សេងៗ ហាក់ដូច ជាមានការកើនឡើងគួរឲ្យភ័យខ្លាច។ នៅតាមបណ្ដាខេត្ត-ក្រុងមួយចំនួន ល្បែងស៊ីសង ដូចជាកន្ទុយលេខ ភ្នាល់ប្រដាល់ ភ្នាល់បាល់ទាត់ បញ្ជល់មាន់ និងបៀអាប៉ោងជាដើម កំពុងកើតមានយ៉ាងពេញបន្ទុក ដែលកើតឡើងឥតឈប់ឈរ។ ប្រការនេះតម្រូវឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ថែមទៀតក្នុងការពង្រឹង សន្តិសុខសង្គម ដើម្បីឲ្យ ប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត៕

0 comments :

Post a Comment