កំណើននគរូបនីយកម្មនិងការប្រឈមនាអនាគត

កំណើននគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីតម្រូវឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព។ រូប ហុង មិនា
បច្ចុប្បន្ននេះតំបន់ទីក្រុងរបស់ប្រទេសកម្ពុជាបង្កើតឲ្យមានផលទុនក្នុងស្រុកសរុប (GDP) ចំនួន ៥០ ភាគរយ និងជាទីកន្លែងរស់នៅសម្រាប់ប្រជាជនជាង ២០ ភាគរយក្នុងចំណោមប្រជាជនសរុបប្រមាណ ១៥ លាននាក់។
នៅត្រឹមឆ្នាំ ២០៣០ ចំនួនប្រជាជនក្នុងទីក្រុងរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងកើនទ្វេដង ខណៈចំណែកនៃសេដ្ឋកិច្ចជាតិដែលកើតចេញពីទីក្រុង ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៧០ ភាគរយ។
រាជធានីភ្នំពេញ ដែលជាទីក្រុងមួយមានប្រជាជនចំនួន ១,៥ លាននាក់និងទីក្រុងធំៗដទៃទៀត នឹងជួបប្រទះការបន្លាស់ទី និងកំណើនប្រជាជនយ៉ាងលឿនដោយសារប្រជាជនទាំងនេះព្យាយាមស្វែងរកជីវិតប្រសើរជាងមុន។
កំណើននគរូបនីយកម្មនេះនឹងនាំមកជាមួយនូវផលវិបាកមួយចំនួនទាំង វិជ្ជមាននិងអវិជ្ជមាន ដែលជះឥទ្ធិពលទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ប្រសិនបើត្រូវបានគ្រប់គ្រងត្រឹមត្រូវ កំណើននគរូបនីយកម្មនឹងលើកកម្ពស់អត្ថប្រយោជន៍សេដ្ឋកិច្ច ដោយសារកម្លាំងជំរុញពីផលិតភាពកើនឡើងទីផ្សារការងារនិងលទ្ធភាពទីផ្សារធំជាងមុន។
ក្រៅពីការផ្តល់ជាកន្លែងរស់នៅដល់ប្រជាជននិងយុវវ័យដែលកំពុងរកការងារធ្វើទីក្រុងអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ការដឹកជញ្ជូន និងកន្លែងសម្រាប់ភ្ញៀវទេសចរដែលកំពុងកើនឡើង។
ជាពិសេសខណៈការធ្វើពាណិជ្ជកម្មកសិកម្ម កំពុងចាប់បង្កើតការផ្សារភ្ជាប់រវាងទីក្រុងនិងជនបទ វានឹងផ្តល់កាតាលីករ សម្រាប់ឲ្យមានកំណើនប្រាក់ចំណូលសម្រាប់ប្រជាជនជនបទនិង ទីក្រុង។
សកម្មភាពផ្សារភ្ជាប់រវាងសហគមន៍ជនបទនិង មជ្ឈមណ្ឌលទីក្រុងតាមច្រករបៀងសេដ្ឋកិច្ចនឹងកើនឡើងហើយសហគមន៍ជនបទនឹងទទួលបានអត្ថប្រយោជន៍ពីលទ្ធភាពទីផ្សារប្រសើរឡើងនិងសេវាសង្គមប្រសើរជាងមុន។ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងដូចជា ការដឹកជញ្ជូននិងសេវាប្រើប្រាស់មូលដ្ឋាននឹងជួបការលំបាកជាមួយនឹងសម្ពាធនៃអ្នកប្រើប្រាស់ច្រើនជាងមុនប្រសិនបើមិនមានការវិនិយោគច្រើនជាងមុនដើម្បីពង្រីកសេវាទាំងអស់នេះ។
ខណៈប្រទេសនេះឈានទៅរកឋានៈជាប្រទេសមានប្រាក់ចំណូល មធ្យម ចំនួនប្រជាជននិងសហគ្រាសកើនឡើងនឹងបោះទីតាំងនៅក្នុងមជ្ឈមណ្ឌល ទីក្រុង ហើយនឹងអមទៅដល់កំណើនសកម្មភាពសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិ។
ជាឧទាហរណ៍ៈ កំណើនយានយន្តក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាករថានឹងកើនឡើងខ្លាំងដល់ ៣៧ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ដែលកើនឡើងពីចំនួន ១៨ ភាគរយ ក្នុងឆ្នាំ ២០១២។ ល្បឿនបើកបរក្នុងរាជធានីបច្ចុប្បន្នគឺស្ថិតនៅក្រោម ១៥‑២០ គីឡូម៉ែត្រក្នុងមួយម៉ោងរួចទៅហើយក្នុងអំឡុងម៉ោងធ្វើចរាចរណ៍ច្រើន។
ប្រសិនបើមិនមានការដឹកជញ្ជូនសាធារណៈល្អ លឿននិងឆ្លើយតប ទំហំចរាចរណ៍នឹងលើសសមត្ថភាពផ្លូវក្នុងកម្រិតធ្ងន់ធ្ងរហើយល្បឿនចរាចរណ៍យានយន្តនឹងកាន់តែយឺតខ្លាំងជាងមុន។
ការធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់គឺសំខាន់ណាស់ជាពិសេសសម្រាប់នៅទីក្រុងតូចៗនិងបន្ទាប់បន្សំ ដែលការខ្វះខាតទឹកកំពុងដាក់កំហិតទៅលើផលិតភាពប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពនៃការអភិវឌ្ឍនិងបរិស្ថាន។
ដូចគ្នាដែរ ការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុង គឺមានតម្លៃថ្លៃជ្រុល និងមិនអាចជឿជាក់បាន ហេតុដូច្នេះវាដាក់កំហិតទៅលើការវិនិយោគក្នុងស្រុកនិងបរទេស។
ការបន្លាស់ទីខ្លាំងជាងមុនមករស់នៅក្នុងទីក្រុងព្រមជាមួយនឹងកំណើននៃការវិនិយោគ បង្កើតឲ្យមានតម្រូវការដីច្រើនជាងមុន និងធ្វើឲ្យតម្លៃដីកើនឡើង។ ការខ្វះខាតផ្ទះសម្បែង ជាពិសេសសម្រាប់ប្រជាជនក្រីក្រក្នុងទីក្រុងនឹងបណ្តាលឲ្យមានការរស់នៅបែបសំណង់អនាធិបតេយ្យនិងគម្លាតខ្លាំងឡើងរវាងអ្នកមាននិង អ្នកក្រ។
ការមិនមានយន្តការដាក់កំហិត និងគ្រប់គ្រងកាកសំណល់តាមផ្ទះ និងកាកសំណល់ឧស្សាហកម្មនឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាព។
ការប្រែប្រួលអាកាសធាតុក៏ប៉ះពាល់ដល់ទីក្រុងផងដែរ ដូចជាទឹកជន់ខ្លាំងជាងមុន និងផលប៉ះពាល់បរិស្ថានដទៃៗទៀតផង។
បើទោះបីជាអ្នកបង្កើតគោលនយោបាយកំពុងធ្វើការកែលម្អពីវិស័យមួយទៅវិស័យមួយ ការគ្រប់គ្រងដំណើរការនគរូបនីយកម្មត្រឹមត្រូវ ក្នុងរយៈកាលប្រាំឆ្នាំខាងមុខទៀតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍនិងកំណើនរបស់ប្រទេសកម្ពុជា។
បទពិសោធពីប្រទេសជិត ខាងបង្ហាញថា ចំណាត់ការយឺតយាវក្នុងការដោះស្រាយបញ្ហាទីក្រុងនឹងនាំឲ្យមានការខាតបង់សេដ្ឋកិច្ច និងសង្គមយ៉ាងធំ។
ហេតុដូច្នេះ សំណួរចម្បង គឺថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យកំណើននគរូបនីយកម្មផ្តល់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
យុទ្ធសាស្រ្ត ទីក្រុង ត្រូវតែដោះស្រាយបញ្ហាការអភិវឌ្ឍទីក្រុងទាំងមូលដោយផ្សារភ្ជាប់សហគមន៍ទីក្រុង និងសហគមន៍ជនបទ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងការអភិវឌ្ឍឲ្យមានលក្ខណៈរួមបញ្ចូល និងនិរន្តរភាពកំណើន។
ដើម្បីផ្លាស់ប្តូរប្រទេសនេះពីសេដ្ឋកិច្ចជនបទភាគច្រើនមកជា សេដ្ឋកិច្ចទីក្រុងភាគច្រើន ការធ្វើផែនការទីក្រុងដែលមានលក្ខណៈសមាហរណកម្ម និងការគ្រប់គ្រងប្រសើរជាងមុនទៅលើហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងការប្រើប្រាស់ដីគឺជាការតម្រូវឲ្យមាន។
ដើម្បីធានាការផ្តល់សេវាទីក្រុងដែលល្អ អ្នកគ្រប់គ្រងទីក្រុងត្រូវតែពិចារណាទៅលើបញ្ហាការប្រមូលសំរាមការផ្គត់ផ្គង់ទឹកនិងសេវាមូលដ្ឋានដទៃៗទៀត។ និរន្តរភាពនៃការផ្តល់សេវាបែបនេះគឺពឹងផ្អែកខ្លាំងទៅលើការគ្រប់គ្រងត្រឹមត្រូវ។
អាជ្ញាធរក្រុងត្រូវកសាងសមត្ថភាពបច្ចេកទេស និងអំណាចអនុវត្តដើម្បីធ្វើផែនការ និងគ្រប់គ្រងប្រសើរជាងមុនទៅលើបញ្ហាទីក្រុងរួមទាំងការផ្តល់ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ឆន្ទៈនេះចាំបាច់ត្រូវគាំទ្រដោយអភិបាលកិច្ចទីក្រុង ដែលមានប្រសិទ្ធភាព។
ការផ្តល់ហិរញ្ញវត្ថុគ្រប់គ្រាន់គឺសំខាន់ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ សេវាមូលដ្ឋាន និងការគ្រប់គ្រងបរិស្ថាន។ ភាពជាដៃគូសាធារណៈ ឯកជន មានសក្តានុពលខ្លាំងលើវិស័យទាំងនេះ។
ក្នុងរាជធានីភ្នំពេញ ការប្រមូលកាកសំណល់ និងការប្រព្រឹត្តកម្មកាកសំណល់ត្រូវបានគ្រប់គ្រងរួចហើយដោយ ក្រុមហ៊ុនឯកជន ហើយការដឹកជញ្ជូនសាធារណៈនឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន នាពេលឆាប់ៗនេះ។
ការងារជាច្រើនត្រូវតម្រូវឲ្យមានដើម្បីដោះស្រាយបញ្ហាទីក្រុងដូចជា ប្រព័ន្ធដឹកជញ្ជូនសាធារណៈ គួរតែត្រូវដាក់ឲ្យមាន (បន្ទាន់ នៅភ្នំពេញ) លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យក្នុងទីក្រុង គួរតែបង្កើនល្បឿនឲ្យបានលឿន និងបញ្ហាទឹកលិចតាមដងផ្លូវត្រូវតែដោះស្រាយ។
ជាងនេះទៀត ការកែលម្អការផ្គត់ផ្គង់ថាមពលដែលអាចឲ្យជឿជាក់បានការប្រមូលកាកសំណល់រឹង និងការគ្រប់គ្រងបរិស្ថានរួមជាមួយនឹងសមត្ថភាពធ្វើផែនការនិង អនុវត្តកម្មវិធីវិនិយោគសាធារណៈ គឺត្រូវការឲ្យមានជាបន្ទាន់ដើម្បីធានានូវការអភិវឌ្ឍទីក្រុងដែល មានលក្ខណៈនិរន្តរភាព។
នៅក្នុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលទើបប្រកាសថ្មីៗសម្រាប់ ៥ ឆ្នាំខាងមុខ យុទ្ធសាស្រ្តចតុកោណដំណាក់កាល ៣ ការអភិវឌ្ឍទីក្រុងត្រូវបានទទួលស្គាល់ថា ជាអាទិភាព។
ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ ជប៉ុន (JICA) គឺសកម្មក្នុងការជួយរដ្ឋាភិបាលក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងនិងឈរត្រៀមខ្លួន ដើម្បីជួយឲ្យការអភិវឌ្ឍទីក្រុងមាននិរន្តរភាព៕ PS
ដោយ Eric Sidgwick is ADB Country Director for Cambodia and Hiroshi Izaki is JICA Chief Representative for Cambodia.
0 comments :
Post a Comment