December 13, 2013

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២​ធ្នូ​នេះ សម្តេចហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច នៅ​​ប្រទេស​ជប៉ុន​។​ ជា​ដំណើរ​ទស្សន​កិច្ច​ធ្វើ​ឡើងចាប់ពី​ថ្ងៃទី​១២​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ខាងមុខ​។
​គណៈប្រតិភូ​កម្ពុជា​ដែល​ត្រូវ​ចូលរួម មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ហោ ណាំហុង លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក​អូន ព័ន្ធ​មុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​និង​សមាជិក​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។​
តាម​គម្រោងដំណើរ​បំពេញ​ទស្សនកិច្ចរបស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​មានដូចជា ពិធី​ចុះ​ហត្ថលេខា​របស់​សម្តេច ហ៊ុន សែន ជាមួយ​សមា​ភាគី​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អាបេ លើ​ឯកសារ​ចំនួន​៤​។​
​គម្រោង​បន្ទាប់​សម្តេច​ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​លើ​ក ទី​៤០ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើ​ក​ទី​៥ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​១២​ ​ដល់​​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​។
​ចំនែក​ឯគម្រោង​មួយទៀត ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ នាយករដ្ឋមន្ត្រីហ៊ុន សែន និង​លោក​ជំទាវ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​​ជប៉ុន ដែល​គ្រោង​នឹង​ចូល​បង្គំ​គាល់​ព្រះ​ចៅ​អធិរាជ និង​អធិ​រាជីនីជ​ប៉ុននៅ​ព្រះបរមរាជវាំង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​។
​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា​​កន្លង​ទៅនេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោកស៊ីន​ហ្សូ អាបេ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​រួចមកហើយ​។ ជា​ដំណើរ​ទស្សនកិច្ចលើក​ដំ​បួង​របស់​លោកមកកាន់​ប្រទេស​កម្ពុជា​តាំងពីនាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ឡើងកាន់ដំណែង​៕(ដោយៈឆេង សូរិយា)

នៅ​ល្ងាច​ថ្ងៃទី១៧ ធ្នូ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​វិលត្រឡប់​មកដល់​កម្ពុជា វិញ​ហើយ​ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​រួចមក​។​
​បន្ទាប់ពី​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៣​សម្តេច​តេ​ជោ ហ៊ុន សែន បាន រួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សា​វរិ​យ៍​គម្រប់​៤០ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូរ​អាស៊ាន​ជប៉ុន​និង កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន​លើក​ទី​៥ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ និង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ពីថ្ងៃ​ទី​១៥ ដល់ ១៧ ខែធ្នូ ឆ្នាំ​២០១៣​។​

​ក្នុង​រយៈពេល​នៃ​ការ​ស្នាក់នៅ​ប្រទេស​ជប៉ុន​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​មី​នី​បៀរ​របស់​ជប៉ុន​, ប្រធាន​ក្រុមហ៊ុន​មូ​ហី​កូ (​ក្រុមហ៊ុន​រុករក​ប្រេង​ជប៉ុន​),​លោក ម៉ាសា​ហ៊ី​កូ កូ​មូ​រា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ជប៉ុន​ដែល ជា​គណបក្ស​កំពុងកាន់​អំណាច​ចូលជួប​សំដែង​ការគួរសម ។ ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ចូលរួម​ពិធី​ពិសារ​តែ​ដែល​រៀបចំឡើង​ដោយ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នៅក្នុង​ព្រះបរមរាជវាំង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង ប្រតិភូ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សា​វរិ​យ​គម្រប់ ៤០ ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូរ​អាស៊ាន​ជប៉ុន​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី​៥ ។ នៅ​ព្រឹក​ថ្ងៃទី ១៥ ធ្នូ គឺជា​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​សមគម មិត្តភាព​ជប៉ុន កម្ពុជា ចូលជួប​សំដែង​ការគួរសម និង បាន​ជួបចរចា​ទ្វេរ​ភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អា​បេ​។ ក្រោយ​កិច្ចចរចា​នោះ​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៤ រួមមាន​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​១, លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​, លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលម្អ​សម្ភារ​សម្រាប់​ការជួសជុល​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត និង​អនុស្សារណៈ​ស្តីពី​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ក្រសួងការពារជាតិ​ជប៉ុន​និង​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​នៅ​ថ្ងៃទី ១៦ ខែ ធ្នូ សម្តេច​តេ​ជោ និង អញ្ជើញ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ហើយ​នៅ​ទីនោះ សម្តេច​តេ​ជោ ហ៊ុន សែន និង អញ្ជើញ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ជា​បេតិកភណ្ឌ​វប្ប​ធ៍​ម​សំបូរបែប​របស់​ជប៉ុន ។ បន្ទាប់មក​សម្តេច​និង​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ដែល​រៀបចំឡើង​ដោយ​លោក​អភិបាលខេត្ត​ក្យូ​តូ​។​

​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន និង ប្រតិភូ មុន​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុភូមិ​វិញ និង ធ្វើ​ទស្សនៈកិច្ច​នៅ​វាំង​ចាស់​របស់​ជប៉ុន ។ ប្រតិភូ​និង​វិលត្រឡប់​មកដល់​ទីក្រុង​ភ្នំពេញ​វិញ​នៅវេលា​ម៉ោង ៥ និង ១០ នាទី​ល្ងាច​៕

0 comments :

Post a Comment